យោងតាមរបាយការណ៍ធនាគារជាតិ នៃកម្ពុជា នៅឆ្នាំ២០២៣ ប្រព័ន្ធធនាគារនៅកម្ពុជា មានធនាគារពាណិជ្ជ ៥៨ ធនាគារឯកទេសមាន ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមាន ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើមាន ៨៣ គ្រឹះស្ថានឥណទានជនបទ១១៤ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ អ្នកដំណើរតតិយភាគី៦ គ្រឹះស្ថានសេវាទូទាត់សងប្រាក់៣៣ គ្រឹះស្ថានផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន១ ការិយាល័យតំណាងបរទេសមាន ៥ និងអាជីវកម្មប្តូរប្រាក់មាន ២,៩១៥ ។ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានធ្លាក់ចុះ -៤០,៩% ធៀបនឹងឆ្នាំមុន(១៩,៨%) ដល់ ២៦,២ ទ្រីលាន ដែលក្នុងនោះឥណទានបន្តធ្លាក់ចុះ-៤២,៦% ធៀបនឹងឆ្នាំមុន (២២,៧%) ដល់​ ២២,៤ទ្រីលានរៀល ដោយមាន ១,៦ លានគណនី។ ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច រួមមាន៖ក្រុមគ្រួសារ, ពាណិជ្ជកម្ម និងជំនួញ, សេវាកម្ម, សំណង់, ដឹកជញ្ជូន, កម្មន្តសាល និងផ្សេងផងដែរ ។ ទោះជាក្នុងឆ្នាំ២០២៣ សាមគ្គី ឃែភីថល បានជួបការលំបាកជាច្រើន ប៉ុន្តែសាមគ្គី ឃែភីថល នៅតែបន្តខិតខំក្នុងការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងក្រុមហ៊ុន ក៏ដូចជាជួយជ្រោមជ្រែងក្នុងការផ្តល់ឥណទានគ្រប់វិស័យដែលជាតម្រូវការរបស់អតិថិជន ទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំជាដើម ។ ភាគទុនិក ក៏ដូចជាក្រុមប្រឹក្សាភិបាល សាមគ្គី ឃែភីថល ទាំងអស់នៅតែមានឆន្ទះក្នុងការជួយធ្វើអោយប្រសើរឡើងនូវវិស័យហិរញ្ញវត្ថុ ទោះជាបច្ចុប្បន្នវិស័យនេះកំពុងមានការប្រកួតប្រជែងយ៉ាងណាក៏ដោយ។ ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាភាគទុនិករបស់ សាមគ្គី ឃែភីថល សូមថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ក៏ដូចជា គណៈគ្រប់គ្រង របស់សាមគ្គី​ ឃែភីថល ក្នុងការចូលរួមសហការដើម្បីជួយស្តារឡើងវិញដល់សាមគ្គី ឃែភីថល អោយកាន់តែប្រសើរឡើងនាពេលខាងមុខបន្តទៀត។ មិនតែប៉ុណ្ណោះ យើងខ្ញុំជាភាគទុនិក ទាំងអស់ របស់សាមគ្គី ឃែភីថល ក៏សូមថ្លែងអំណរគុណដល់ ធនាគារជាតិ នៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើវិស័យហិរញ្ញវត្ថុនេះ ក៏ដូចជាការចេញប្រកាស សេចក្តីណែនាំផ្សេងៗទៀតដើម្បីជាការអនុវត្តសម្រាប់វិស័យ ធនាគារ និងហិរញ្ញវត្ថុទាំងអស់ ក៏ដូចជាសូមថ្លែងអំណរគុណដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ ។